fbpx

ពីធីក្រុងពាលី បញ្ចុះបឋមសិលាបើកកាដ្ឋានអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបង ផ្នែកខាងលិចស្ទឹង នៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត

  • By Admin
  • កុម្ភៈ ១០, ២០២២
  • 240

ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពីធីក្រុងពាលី បញ្ចុះបឋមសិលាបើកកាដ្ឋានអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបង ផ្នែកខាងលិចស្ទឹង នៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

បើតាមលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានមានប្រសាសន៍ថា គម្រោងនេះស្ថិតក្រោមកម្ចីឥណទានរបស់ ADB , AFD និងជំនួយឥតសំណងពីសហគមអឺរ៉ុប (EU) ដែលមានទំហំការងារគម្រោងដូចជា៖
១-ប្រព័ន្ធបណ្តាញបំពង់ប្រមូលទឹកកខ្វក់
– ការភ្ជាប់តំណចំនួន ៤.២០០តំណ សម្រាប់ការចាប់ផ្តើមដំណើរការប្រព័ន្ធក្នុងឆ្នាំ ២០២៤
– ការសាងសង់បណ្តាញបំពង់ប្រមូលមេប្រវែង ៤.៥០០ម ដែលមានជម្រៅជ្រៅរវាង ៥ម ទៅ ១០ម
– ការសាងសង់បណ្តាញបំពង់ប្រមូលមេរងប្រវែង ១៣.៦០០ម ដែលមានជម្រៅរវាង ២ម ទៅ ៥ម
– ការសាងសង់បណ្តាញបំពង់ប្រមូលតាមផ្ទះ ឬទីតាំង ដែលមានប្រវែង ៥១.០០០ម
– ការសាងសង់ស្ថានីយបូមទឹកកខ្វក់ ១កន្លែង
– ការសាងសង់បំពង់បូមបញ្ជូនប្រវែង ៧.៧០០ម
– ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់រួម មានសមត្ថភាព ១២.០០០ម៣ ក្នុងមួយថ្ងៃ
– អគាររដ្ឋបាល អគាររោងជាង អគារម៉ាស៊ីនភ្លើង និងអគារសន្តិសុខ នៅស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់
– ការកែលម្អផ្លូវទៅកាន់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់រួម ប្រវែង ៩០០ម
– ឧបករណ៍ប្រតិបត្តិការ និងការថែទាំ
២-ប្រព័ន្ធរំដោះទឹកភ្លៀង
– ការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀងដែលមានលក្ខណៈប្រឡាយចំហរមានគម្រប និងបំពង់លូមូលប្រវែង សរុប ២០.០០០ម
– សំណង់ទ្វារទឹកដើម្បីរំដោះទឹកភ្លៀងចូលទៅក្នុងស្ទឹងសង្កែ ចំនួន ៣កន្លែង
– សំណង់បង្ហូរទឹកភ្លៀងចោលទៅក្នុងប្រព័ន្ធប្រឡាយ ចំនួន ១កន្លែង ។
គម្រោងនេះ គ្រោងចំណាយថវិកាចំនួនជិត៣០លានដុល្លាសហរដ្ឋអាមេរិច និងគ្រោងការសាងសង់រួចរាល់នៅឆ្នាំ២០២៤ ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដោយសារការអភិវឌ្ឍទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក សំណង់អគារ លំនៅស្ថាន ព្រមទាំងកំណើនប្រជាជន ដែលរស់នៅក្នុងក្រុងបាត់ដំបងក៏ដូចជាប៉ែកខាងលិចស្ទឹង មានការកើនឡើងយ៉ាងឆាប់រហ័ស ធ្វើឱ្យបញ្ហាចោទឡើងពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងទឹកកខ្វក់ សំណល់ ដែលជាកង្វល់ដ៏ធំមួយទាមទារត្រូវយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយទាន់ពេលវេលានិងចំគោលដៅ ។

ឯកឧត្តម បានបន្ថែមទៀតថា ខេត្តបាត់ដំបងយើងមានគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ នៅផ្នែកខាងកើតស្ទឹងមួយ និងផ្នែកខាងលិចស្ទឹងនេះមួយថែមទៀត។

ឯកឧត្តមបានបញ្ជាក់ថា ដើម្បីចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហានេះក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត បានដាក់ចេញផែនការសកម្មភាពក្នុងការគ្រប់គ្រងទៅលើទឹកកខ្វក់ តាមរយៈកិច្ចសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានាក្នុងការរៀបចំប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធលូទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងបង្កើតអាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានសមស្រប ដើម្បីប្រមូលនិងធ្វើប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ ។

ឯកឧត្តម បានបន្ថែមទៀតថា ការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នេះ តម្រូវឲ្យមានការជីកកាយដី ការដឹកជញ្ជូនសម្ភារៈចាំបាច់នានា សម្រាប់ការសាងសង់បំពង់មេ បំពង់មេរង បំពង់បូមបញ្ជូន ប្រឡាយជាដើម ដូចនេះសូមប្រជាពលរដ្ឋមានការយោគយល់ អធ្យាស្រ័យ ចំពោះការរំខានទាំងនេះ ព្រោះជាធម្មតាដំណើរការសាងសង់ ឬអភិវឌ្ឍន៍អ្វីមួយតែងតែធ្វើឲ្យមានផលរំខានដល់ប្រជាពលរដ្ឋជាក់ជាមិនខាន ។

ឯកឧត្តម ក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងវិស្វករ ស្ថាបត្យករ ជាង កម្មករ ទាំងអស់ទៅចាក់វ៉ាក់សាំកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងត្រូវជៀសឆ្ងាយពីគ្រឿងញៀន ហើយត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍នៅពេលដែលបើកបរ៕

អត្ថបទពេញនិយម