fbpx

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណ

  • By Admin
  • មករា ១១, ២០២២
  • 365

នៅព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។

កំណាត់ផ្លូវនេះ(បាត់ដំបង-សិរីសោភ័ណ) មានប្រវែង ៨៤,៧៤ គីឡូម៉ែត្រ គឺជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) មានកម្រាស់ ១៥សង់ទីម៉ែត្រ។ កំណាត់ផ្លូវនេះ ត្រូវបានពង្រីកទំហំផ្លូវមេដែលមានស្រាប់ ប្រវែង ៥១,៤៨គីឡូម៉ែត្រ ទទឹងមានប្រវែង ២៣ម៉ែត្រ មាន ៤គន្លង (គន្លងនីមួយៗ មានទទឹង ៣,៥០ម៉ែត្រ និងមាន ២គន្លងទៅ និង២គន្លងមក) ចិញ្ចើមផ្លូវមានទទឹង ៣ម៉ែត្រ (សងខាង) និងសួនទ្រូងផ្លូវខណ្ឌចែកទិសដៅចរាចរណ៍នៅចំកណ្តាល មានទទឹង ៣ម៉ែត្រ ផងដែរ។

កំណាត់ផ្លូវនេះ បានសាងសង់ផ្លូវវាងក្រុង ២ខ្សែ ប្រវែងសរុប ៣៣,២៦គីឡូម៉ែត្រ (ផ្លូវវាងក្រុងបាត់ដំបង ប្រវែង ២៣,៩២គីឡូម៉ែត្រ និងផ្លូវវាងក្រុងសិរីសោភ័ណ ប្រវែង ៩,៣៤គីឡូម៉ែត្រ) ក្នុងនោះ សាងសង់ស្ពានថ្មីចំនួន ២កន្លែង (លើផ្លូវវាង) ពង្រីក និងជួសជុលស្ពានដែលមានស្រាប់ចំនួន ១០កន្លែង (លើផ្លូវមេ)។ គម្រោងនេះ បានរួមបញ្ចូលទាំងការងារដាក់លូប្រអប់ចំនួន ៧៦កន្លែង និងលូមូលតាមបណ្តោយផ្លូវចំនួន ១១៣កន្លែង ព្រមទាំងបំពាក់ភ្លើងបំភ្លឺ LED នៅតាមផ្លូវប្រសព្វ។ កំណាត់ផ្លូវនេះ បានចំណាយថវិកាសរុបប្រមាណ ១៦៥.៧៨លានដុល្លារអាមេរិក ជាឥនទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់ បោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕

 

អត្ថបទពេញនិយម