fbpx

សម័យចេនឡា ត្រូវបានគេរាប់ចាប់តាំងពីពាក់កណ្ដាលសតវត្សទី៦ រហូតដល់ដើមសតវត្សទី៩

  • By Admin
  • មីនា ១៨, ២០២២
  • 765

សម័យចេនឡា ត្រូវបានគេរាប់ចាប់តាំងពីពាក់កណ្ដាលសតវត្សទី៦ រហូតដល់ដើមសតវត្សទី៩។

ក្នុងសម័យនេះ​ ខ្មែរ​បាន​ផ្លាស់​ប្ដូរ​ព្រឹត្តិការណ៍​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ អ្វីដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ ​ឈ្មោះប្រទេស​ត្រូវ​បាន​ប្ដូរ​ពី​នគរភ្នំ​ទៅជា​កម្ពុជា​នា​សម័យ​នោះ​ផង​ដែរ​ ហើយ​ដំណាក់​កាល​នេះ​កម្ពុជា ​ក៏បាន​ឆ្លង​កាត់​ការ​បង្រួប​បង្រួម ព្រមទាំងមានការបែកបាក់ទៀតផង។ ​ចំពោះការ​បែក​បាក់​ជា​លើក​ចុង​ក្រោយ គឺ​ក្នុង​រាជ្យ​របស់​ព្រះមហាក្សត្រិយ៍​ជ័យទេវី។ ក្នុង​នោះប្រទេសដែលចិនហៅថាចេនឡា ត្រូវបានបែងចែកជាពីរ ​គឺ​ចេនឡា​ទឹក និង​ចេនឡា​គោក។
ខាងក្រោមនេះ យើងនឹងធ្វើដកស្រង់អំពីការគ្រប់គ្រងរបស់ព្រះរាជាមួយចំនួននាសម័យចេនឡា។

ទី១ ព្រះបាទភវវរ្ម័នទី១ (៥៥០-៦០០)
នាសម័យនគរភ្នំ ព្រះរាជាទាំងឡាយបានវាតអំណាចគ្រប់គ្រងរបស់ខ្លួន ដែលលាតសន្ធឹងលើសាមន្តរដ្ឋ ឬរដ្ឋ​ចំណុះ​ជាច្រើន។​ មិន​តែ​ប៉ុណ្ណោះ ទឹកដី​អាណាចក្រ​នគរ​ភ្នំ បាន​លាត​សន្ធឹង​លើ​តំបន់​ទន្លេ​មេគង្គ​ត្រង់​ចន្លោះ​ប៉ាក់សេ​ខាង​ជើង ក្រចេះនៅខាងត្បូងដែនដីភាគធំ​ នៃ​ទន្លេ​សេមូន ​ក្នុង​ប្រទេស​ថៃ​សព្វ​ថ្ងៃ។ រីឯ​ចំណុច​កណ្ដាល​នៃ​អាណាចក្រ​នគរភ្នំ ​គឺវត្តភូ ឬតំបន់ចំប៉ាសាក់ ប្រទេសឡាវបច្ចុប្បន្ននេះ។​ រដ្ឋ​ចេនឡា ​គ្រប់​គ្រង​ដោយ​សន្តតិវង្ស​មួយ ​ដែល​បាន​អះអាង​ថា ​ជាប់​ខ្សែរយៈ​ពីការ​ចង​សម្ព័ន្ធ​រវាង​ឥសី​កម្ពុស្វយម្ភូវៈ និងអប្សរាមេរា​ ខ្សែ​ខាង​សូរ្យវង្ស។

ចុងសម័យនគរភ្នំ ដោយសារព្រះបាទរុទ្ទ្រវរ្ម័ន បានធ្វើគត់គុណវរ្ម័នជាប្អូន ដើម្បីដណ្ដើមរាជ្យ។ ការធ្វើគត់​នេះ ​បាន​កើត​ឡើង​នូវ​ចលនា​បះ​បោរ​កាន់​តែ​រីក​ធំ​ឡើង​ពេញ​អាណាចក្រ​ភ្នំ តែ​ចុង​ក្រោយ​នៃ​រាជ្យ​ព្រះបាទ​រុទ្ទ្រវរ្ម័ន ទ្រង់​ប្រហែល​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ ឬក៏ដាក់​រាជ្យ​ក៏អាច​ថា​បាន ព្រោះគ្មាន​ឯកសារ​ណា​មួយ​បញ្ជាក់​ច្បាស់​ពី​ចំណុច​នេះទេ​ ប៉ុន្តែពេល​នោះ​រាជ​បល្ល័ង្កនគរភ្នំ ត្រូវនៅទំនេរ ​ហើយកម្លាំង​បះ​បោរ​របស់​គុណវរ្ម័ន បាន​ដណ្ដើម​បាន​រាជ​ធានី​វ្យាធបុរៈ។
នៅជិត​រដ្ឋចេនឡាឯណោះវិញ ក្រោយពីព្រះបាទវិរៈវរ្ម័ន ជាបិតាសុគតទៅព្រះអង្គម្ចាស់មួយអង្គព្រះនាមភវវរ្ម័ន ត្រូវជាចៅ​ព្រះបាទ​រុទ្ទ្រវរ្ម័ន​ ដែល​ជា​ស្ដេច​ចុង​ក្រោយ​នៃ​អាណាចក្រ​ភ្នំ ​ក៏​ក្រោក​ឈរ​ប្រឆាំង​នឹង​ចលនា​បះបោរ​ឡើង ​ដែល​មាន​ជំនួយ​ពី​ចិត្រា​សេនា ​ជាប្អូន​ជីដូន​មួយ​ព្រះបាទ​ភវវរ្ម័ន​ បាន​វាយ​ដណ្ដើម​យក​អាណាចក្រ​នគរ​ភ្នំ ដែល​ជាមរតក​ជីតា​ខ្លួន​ គឺ​ព្រះបាទ​រុទ្ទ្រវរ្ម័ន ​មក​វិញ​បាន ​ព្រោះព្រះ​​អង្គបាន​វាយ​បង្រ្កាប​បក្ខពួក​របស់​គុណវរ្ម័ន ​ឱ្យ​ដក​ថយ​ពី​រាជធានី​វ្យាធៈបុរៈ ទៅតាំង​នៅភាគ​ខាង​ត្បូង ​គឺអង្គរ​បុរី​ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ​ សព្វ​ថ្ងៃ​នេះ។ ​ព្រះអង្គ​គ្រប់​គ្រង​ដែន​ដី​ពីចន្លោះ​ទន្លេ​មូន​ខាង​ជើង ​ទន្លេសាបខាងត្បូង ជួរភ្នំអណ្ណាមខាងកើត ទៅទិសខាងលិចដល់ស្ទឹង​ព្រាជី ​និង​មង្គល​បុរី។ នេះ​បើតាម​គេបាន​រក​ឃើញសិលា​ចារិក​របស់​ព្រះអង្គ។
បន្ទាប់ពីទទួលជ័យជម្នះ ព្រះបាទភវវរ្ម័ន ដែលទ្រង់ជាព្រះរាជានៃសន្តតិវង្សសូរ្យវង្ស ខាងចេនឡា ទ្រង់បាន​រៀប​អភិសេក​ជាមួយ​នឹង​ក្សត្រី​កម្ពុជ​រាជ​លក្ម្សី​ ផ្នែក​ខាង​សោមវង្ស ​ខាង​នគរភ្នំ ​ដែល​ស្លោក​ទី១១ ​នៃ​សិលា​ចារិក​បក្សី​ចាំក្រុង​បាន​បញ្ជាក់​ថា ​កូន​ចៅ​ឥសី​កម្ពុ ​បាន​ភ្ជាប់​សូរ្យវង្ស​ខាង​ចេនឡា និង​សោមវង្ស​ខាង​អាណាចក្រ​ភ្នំ គឺព្រះបាទ​ភវវរ្ម័ន។ ​ព្រះបាទ​ភវវរ្ម័ន​ អង្គ​នេះហើយ​ដែល​បាន​ប្ដូរ​ឈ្មោះ​ប្រទេស​ពីនគរភ្នំ ​ទៅជា​កម្ពុជា ដែល​ប្រើ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ព្រះអង្គ​ទ្រង់​បាន​សោយរាជ្យពីឆ្នាំ៥៥០ ដល់ឆ្នាំ៦០០ នៃគ្រិស្ដសករាជ។

ទី២.ព្រះបាទមហិន្ទ្រវរ្ម័ន (៦០០-៦១៥)
ក្រោយពីព្រះបាទភវវរ្ម័ន សោយទិវង្គតទៅ ចិត្រាសេនា ជាប្អូនក៏បានឡើងគ្រងរាជ្យបន្តពីព្រះរាម ដែលទ្រង់មាន​ព្រះនាម​ក្នុង​រាជ្យថា ​មហិន្ទ្រវរ្ម័ន។ ព្រះបាទ​មហិន្ទ្រវរ្ម័ន ទ្រង់​បាន​បន្ត​ពង្រីក​អំណាច​អាណាចក្រ​ចេនឡា ​បន្តទៅទិស​ខាង​លិច​ និង​ទៅទិស​ខាង​ត្បូង​ទៀត ​ដើម្បី​ការពារ​ព្រំដែន​ផ្នែក​ខាង​កើត​ ព្រះអង្គ​បាន​រឹត​ចំណង​មិត្តភាព​យ៉ាង​ជិត​ស្និទ្ធ​ ដោយបានធ្វើសន្ធិសញ្ញាជាមួយនឹងប្រទេសចំប៉ា។ ​ព្រះអង្គ​បាន​សោយរាជ្យ​ពី​ឆ្នាំ៦០០ ដល់ឆ្នាំ៦១៥ នៃគ្រិស្ដសករាជ។
ទី៣ ព្រះបាទឥស្សណៈវរ្ម័នទី១ (៦១៥-៦៣៨)
ក្រោយពីព្រះបាទមហិន្ទ្រវរ្ម័ន សោយទិវង្គតទៅ ព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមឥស្សណៈវរ្ម័នទី១ ទ្រង់បានឡើងគ្រងរាជ្យ​បន្ត​ពី​ព្រះ​បិតា។​ ​ព្រះ​បាទ​ឥស្សណៈវរ្ម័ន​ ជា​ព្រះរាជា​ដែល​មាន​មហិទ្ធិឫទ្ធិ​ណាស់ ​ព្រះអង្គ​ក៏ជាអ្នក​ដែលបាន​បញ្ចប់​ការ​វាយ​ដណ្ដើម​យក​អាណាចក្រ​ភ្នំ​ទាំង​ស្រុង ​ដោយ​ទ្រង់​វាយ​ដណ្តើម​បាន​រាជ​ធានីអង្គរ​បុរី ​ក្នុង​អំឡុង​ឆ្នាំ៦៣០ នៃគ្រិស្ដ​សករាជ។

ព្រះអង្គបានពង្រីកការត្រួតត្រាឆ្ពោះទៅទិសខាងត្បូង ដល់ព្រំប្រទល់ដែនដីកម្ពុជាក្រោមសព្វថ្ងៃ ហើយទិសខាងលិចដល់​ខេត្ត​ចាន់​តាប៊ុន ​ប្រទេស​ថៃ​សព្វថ្ងៃ ដើម្បី​រឹត​ចំណង​មិត្តភាព​ជាមួយ​បរទេស។ ​លើស​ពី​នេះ ព្រះអង្គ​បាន​បញ្ជូន​រាជ​ទូត​ទៅ​ប្រទេស​ចិន​ នាឆ្នាំ៦១៦-៦២៣​ និង​៦២៧ ទៀត​ផង។ ព្រះអង្គ​បាន​រៀប​អភិសេក​បុត្រី​របស់​ព្រះ​អង្គ ព្រះ​នាម​សារៈវ៉ានី ជាមួយនឹងចៅទួតម្នាក់​របស់​ព្រះរាជា​ចំប៉ា​ ដែល​ទ្រង់​ប្រសូត​បាន​បុត្រា​មួយ​អង្គ។​ ​ក្រោយ​មក​ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​នៅ​ប្រទេស​ចំប៉ា ​នៅឆ្នាំ​៦៥៣ ​ដោយ​មាន​ព្រះនាម​ថា វិក្រន្តា។

សូមជម្រាបថា ព្រះបាទឥស្សណៈវរ្ម័ន ទ្រង់បានតាំងរាជធានី នៅចំកណ្ដាលអាណាចក្ររបស់ព្រះអង្គ ដែលមានឈ្មោះថា​ឥស្សណៈបុរៈ។ ​រាជ​ធានី​ឥស្សណៈ​បុរៈ មាន​ប្រជាពល​រដ្ឋ​ប្រមាណ២ម៉ឺន​គ្រួសារ​រស់នៅ។ បច្ចុប្បន្ននេះ រាជធានីឥស្សណៈបុរៈ ​ជាតំបន់​រមណីយដ្ឋាន​សម្បូរ​ព្រៃគុក ដែល​មាន​សំណល់​ជា​ប្រាសាទ​ធ្វើ​ពីឥដ្ឋ​ជាច្រើន ​ស្ថិតនៅ​ខាង​ជើង​ខេត្តកំពង់ធំ សព្វ​ថ្ងៃនេះ​។ ក្នុងរជ្ជកាលព្រះបាទ​ឥស្សណៈវរ្ម័ន ​ដដែល​នោះ ​អាណាចក្រ​ចេនឡា ​មានការ​រីក​ចម្រើន​ណាស់ ​ប៉ុន្តែ​ក្នុង​ពេល​ដែល​ព្រះអង្គ​ចូល​ទិវង្គត​ទៅ ទំនង​ជា​គ្មាន​បុត្រ​បន្តរាជ្យ​ផងនោះ ​ទើបភាព​វឹកវរ​ចលាចល​ក៏បាន​ផ្ទុះឡើង​សាជា​ថ្មី។

ទី៤.ព្រះបាទភវវរ្ម័នទី២ (៦៣៩-៦៥៥)
ភាពវឹកវរចលាចលដែលកើតឡើងក្នុងពេលព្រះបាទឥស្សណៈវរ្ម័ន សោយទិវង្គត ត្រូវបានវាយបង្ក្រាបយ៉ាងរហ័ស ​ដោយ​កម្លាំង​ដ៏ខ្លាំង​ក្លា​របស់​ព្រះបាទ​ភវវរ្ម័នទី២ ​ដែល​មាន​កងទ័ព​ និង​នាម៉ឺន​មន្ត្រី​មាន​ភក្តីភាព​ជាច្រើន​ចំពោះ​ព្រះអង្គ។ គេមិន​អាច​ដឹង​ថា ​តើព្រះបាទ​ភវវរ្ម័នទី២ ​ទ្រង់​ជាប់​ព្រះញាតិ​ខាង​ណាទេ។​ តែសិលា​ចារិក​នៅ​ហាន់ជ័យ ​បាន​រំឭក​នូវការ​ពង្រឹង​អំណាច​អធិរាជ​របស់​ព្រះអង្គ។ ​ព្រះអង្គ​ទ្រង់​បាន​សាង​ទី​កន្លែង​សក្ការ​បូជា ​ឬប្រាសាទ​ជាច្រើន។​ តាម​គេ​ប៉ាន់​ស្មាន​សិលា​ចារិក​ភ្នំបាយ៉ង់ សិលាចារិក​ភ្នំ​ព្រះវិហារ ​កំពង់ឆ្នាំង ​ក៏ជាស្នា​ព្រះហស្ត​របស់​ព្រះអង្គ​ដែរ។​ ព្រះ​បាទ​ភវវរ្ម័នទី២​ ទ្រង់​គ្រង​រាជ្យ​ពី​ឆ្នាំ៦៣៩ ដល់ឆ្នាំ៦៥៥ នៃ​គ្រិស្ដសករាជ។
ទី៥.ព្រះបាទជ័យវរ្ម័នទី១ (៦៥៥-៦៨១)
ព្រះបាទជ័យវរ្ម័នទី១ ជាព្រះរាជបុត្ររបស់ព្រះបាទភវវរ្ម័នទី២ ទ្រង់បានឡើងគ្រងរាជ្យបន្តពីបិតាព្រះអង្គ ក្នុងឆ្នាំ៦៥៥ នៃគ្រិស្ដសករាជ។ ​ព្រះបាទ​ជ័យវរ្ម័នទី១​ ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​ការថែរក្សាទឹកដីដ៏ធំទូលាយ ដែលបុព្វបុរសរបស់ព្រះអង្គបានបន្សល់។ ​ចំពោះ​វិស័យ​ការពារ​ជាតិ ​ព្រះអង្គ​ទ្រង់​បង្កើត​ឱ្យ​មាន​កង​ទ័ព​សេះ ហើយបាន​ច្នៃ​វិធីសាស្ត្រ​ទាក់ ឬផ្សាំង​ដំរី​ទៀតផង។​ ក្នុង​រជ្ជកាល​របស់​ព្រះអង្គ​​ គេឃើញ​មា​​ន​សិលាចារិក ឬការ​កសាង​ប្រាសាទ​ជាច្រើន​នៅ​វ្យាធៈបុរៈ និងវត្ត​ភូចំប៉ាសាក់ នៃ​ប្រទេស​ឡាវ​សព្វថ្ងៃ។ តាមការប៉ាន់ស្មាន​ ព្រះបាទជ័យ​វរ្ម័នទី១ ប្រហែល​ជាសោយ​ទិវង្គត​នៅ​ឆ្នាំ៦៨១ ​នៃគ្រិស្ដសករាជ។
​ទី៦.ព្រះមហាក្សត្រិយ៍ជ័យទេវី (៦៨១-៧១៣)
ដោយព្រះបាទជ័យវរ្ម័នទី១ ពុំមានព្រះរាជបុត្រា ដែលអាចសោយរាជ្យស្នងពីព្រះអង្គបាន បុត្រីព្រះអង្គព្រះនាមជ័យទេវី ​ត្រូវឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះអង្គ។​ ព្រះមហាក្សត្រិយ៍​ជ័យទេវី សោយរាជ្យ​ពី​ឆ្នាំ៦៨១ ពេលដែលព្រះបិតាទ្រង់សោយទិវង្គត រហូតដល់ឆ្នាំ៧១៣។ ក៏ប៉ុន្តែ ​អំណាច​របស់​ព្រះនាង​ពុំមាន​មូលដ្ឋាន​រឹង​មាំឡើយ ព្រោះនៅក្នុងសិលាចារិកមួយនៅអង្គរគេឃើញថា ព្រះនាង​ទ្រង់​បាន​ត្អូញ​ត្អែរ​ពី​ភាព​ច្របូក​ច្របល់​ក្នុង​ចិត្ត​គំនិត និងទុក្ខវេទនានៃគ្រាកើតកលិយុគ៕
សម្រង់ចាក៖ www.rfa.org/khmer

អត្ថបទពេញនិយម