fbpx

កិច្ចប្រជុំ ស្ដីពីការពិគ្រោះយោបល់ពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តបាត់ដំបង

  • By Admin
  • ធ្នូ ១៣, ២០២១
  • 88

នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការពិគ្រោះយោបល់ពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តបាត់ដំបង នៅសាលប្រជុំ អាគារE សាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួួមពីលោកអភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន ឬអ្នកតំណាង មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងប្រធាន ឬតំណាងឲ្យអង្គការសង្គមស៊ីវិលដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការរៀបចំវេទិកានាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយពង្រឹង ពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខេត្ត និងបណ្ដាអង្គការ សមាគម សហគម ក្នុងការរួមចំណែកជួយលើកកម្ពស់កម្រិតជីវភាពរស់នៅប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង ។ ឯកឧត្តម បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអង្គការសង្គមស៊ីវិល ជាតួអង្គមួយដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស ដោយអង្គការសង្គមស៊ីវិល បានចូលរួមលលើកកម្ពស់តម្លៃសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ការយល់ដឹងនានាផងដែរ ។

ឯកឧត្តម បានបញ្ជាក់បន្តទៀតថា ស្ដែងចេញពីវេទិកានេះ រដ្ឋបាលខេត្តសង្ឃឹមថា កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងអង្គការ សង្គមស៊ីវិល ដែលកំពុងប្រតិបត្តិការក្នុងខេត្តបាត់ដំបង នឹងត្រូវបានពង្រឹង និងលើកកម្ពស់បន្ថែមតាមរយៈការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក និងឆ្លើយតបបអំពីបញ្ហាប្រឈម ក្ដីកង្វល់ និងតម្រូវការនានា ហើយរដ្ឋបាលខេត្តបាត់ដំបង ស្វាគមន៍យ៉ាងរីករាយ ក្នុងការចូលរួមសហការជានិច្ច ក្នុងការសុំប្រឹក្សាយោបល់ពីរដ្ឋបាលខេត្ត គ្រប់ពេលវេលាផងដែរ ៕

អត្ថបទពេញនិយម