fbpx

កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារសាកលវិទ្យាល័យទាំងបី

  • By Admin
  • ធ្នូ ១២, ២០២១
  • 43

បាត់ដំបង ៖ ព្រឹកនេះក្នុងនាមប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគណៈគ្រប់គ្រង និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ និងសាកលវិទ្យាល័យជាតិមានជ័យ ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ Zoom ។

សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា នៃសាកលវិទ្យាល័យទាំងបី ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំ បង្រៀន និងការអប់រំ ធ្វើឲ្យសាកលវិទ្យាល័យ មានការវិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ។

ក្នុងនោះស្នើដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងបុគ្គលិកសិក្សា ព្រមទាំងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យទាំងបី បន្តចូលរួម និងអនុវត្ត ដូចខាងក្រោម ៖

១. សូមបន្តលើកកម្ពស់សុខមាភាព អនាម័យក្នុងបរិបទកូវីដ-១៩ នេះ ដោយអនុវត្តតាមអភិក្រម “៣ការពារ ៣កុំ” និងចូលរួមទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងគ្រឹះស្ថានសិក្សា ។
២. ត្រូវបន្តបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងអាទិភាពនៃការពង្រឹងគុណភាពអប់រំ និងភាពជាដៃគូ ព្រមទាំងយន្តការនៃកិច្ចសហប្រតិបត្តិការផ្សាភ្ជាប់ការអប់រំ វប្បធម៌ទំនៀមទម្លាប់ប្រពៃណី វប្បធម៌សន្តិភាព និងសេចក្តីថ្លៃថ្នូរ ។
៣. ត្រូវបន្តដឹកនាំ និងអនុវត្តនូវទស្សនទានថ្មី “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” និងបន្តជំរុញ“ការអប់រំឌីជីថល” ឱ្យទាន់សភាពការណ៍ជាតិ តំបន់ និងសកលលោក ។
៤. ត្រូវធ្វើទំនើបកម្មសិក្សា ដែលមានលក្ខណៈប្រកួតប្រជែងតាមរយៈការលើកកម្ពស់ការស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍ចំណេះដឹងក្នុងទិសដៅបង្កើនគុណភាពអប់រំ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាលក្ខណៈឌីជីថល ពង្រឹងការគ្រប់គ្រង និងធាតុចូលឲ្យបានល្អ ។
៥. ត្រូវផ្ដោតលើការអនុវត្តវិធីសាស្រ្ដបង្រៀនតាមបែបរិះរក និងអនុវត្តវិធីសាស្រ្ដថ្មីៗ ក្នុងសតវត្សរ៍ទី២១ ដែលជាវិធីសាស្រ្ដតាមបែបចម្រុះ ដោយសិស្ស-និស្សិត ត្រូវអនុវត្តក្នុងថ្នាក់ និងធ្វើស្វ័យសិក្សា ផ្ដោតទៅលើការអប់រំវិទ្យាសាស្រ្ដ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាជំនាញចាំបាច់ក្នុងយុគ្គសម័យថ្មី ។
៦. ត្រូវបន្តលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពគ្រូបង្រៀន ជាពិសេសការបង្រៀន និងរៀនតាមបែបបច្ចេកវិទ្យាទំនើបដោយត្រូវកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ នៅតាមបន្ទប់រៀន បន្ទប់ពិសោធ បន្ទប់កុំព្យូទ័រ និងបន្ទប់សាស្រ្ដាចារ្យ ទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្ដែង ។
៧. ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តតួនាទីភារកិច្ចក្នុងការដឹកនាំ គ្រប់គ្រង ដើម្បីឱ្យការសិក្សារបស់និស្សិត ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចូលរួមថែរក្សានូវហេដ្ឋារចនាសម្ព័ន្ធរបស់សាកលវិទ្យាល័យ និងសមិទ្ធផលដទៃទៀត សម្រាប់ការប្រើប្រាស់បានយូរអង្វែង៕

អត្ថបទពេញនិយម