fbpx

ជំងឺក្លនលូន( Hernie Inguinale ) អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ!

  • By Admin
  • វិច្ឆិកា ៤, ២០២៣
  • 121

ជំងឺក្លនលូនគឺ: ជាការបិទមិនជិតពីកំណើត(Congénitale) ឬការយារធ្លាក់ (Faibless) នៃស្រោមគ្របពោះ ដែលបណ្តាលឲ្យផ្នែកមួយនៃពោះវៀនលូនចេញ ហើយបង្កើតបានជាដុំពកមួយនៅក្រោមស្បែក។

១/ មូលហេតុ:
កត្តាមួយចំនួនដែលបណ្តាលឲ្យកើតជំងឺក្លនលូនមានៈ
• កត្តាពីកំណើតៈទារកខ្លះកើតមកអាចមានក្លនលូនពីកំណើត អាចបាត់ទៅវិញដោយខ្លួនឯងមុនអាយុ ២ឆ្នាំ។
• ភាពចាស់ឬយារៈ នៅពេលវ័យចាស់ជរា
• មូលហេតុមួយផ្សេងទៀតរបស់ក្លនលូន គឺបណ្តាលមកពីការលើករបស់ធ្ងន់ៗពេក ឬការប្រឹងខ្លាំងពេក (ចំពោះស្រ្តី ដូចជាពេលសម្រាលកូន)

២/ រោគសញ្ញា:
ជំងឺនេះអាចកើតជារោគសញ្ញាដូចជាៈ
• កើតឡើងដោយស្ងៀមស្ងាត់។
• ជាដុំពកនៅក្បែរក្រលៀន ឬស្រោមពងស្វាស (ប្រុស និងស្រីអាចកើតមានដូចគ្នា) ។
• ករណីមិនទាន់មានផលលំបាក (complication) ដុំពកកើតមាន ឬ ប៉ោងធំនៅពេលប្រឹង ឬក្អក ជាដុំពកទន់នៅក្បែរក្រលៀន ឬធ្លាក់ចូលក្នុងស្រោមពងស្វាស។
• ករណីមានក្លនលូន ហើយមិនបានព្យាបាលត្រឹមត្រូវ វានឹងវិវត្តន៍ទៅជាដុំពកធំរមួល ឬអាចរលួយពោះវៀន ដែលធ្លាក់ចូលរន្ធក្លននោះ ហើយអ្នកជំងឺមានរោគសញ្ញាដូចជា ចុកពោះ ចង់ក្អួត ទល់លាមក។
សំគាល់៖ ការឡើងហើមកូនកណ្តុរ ក៏អាចបណ្តាលឲ្យមានដុំពកត្រង់ក្រលៀនដែរ ដែលគេអាចច្រឡំគ្នា ដែលជាជំងឺផ្សេងមួយទៀត។

៣/ ការការពារ និងការព្យាបាល:
វិធីដែលអាចការពារនិងព្យាបាលជំងឺក្លនលូនមានៈ
• ជៀសវាងការប្រើកំលាំង ឬលើករបស់ធ្ងន់ៗពេក
• ប្រើខ្សែក្រវ៉ាត់ទ្រកន្លែងដែលមានក្លន
• ប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ
• បើក្លនលូនប៉ោងធំ អាចសាកល្បងរុញវាបញ្ចូលទៅវិញ ដោយឲ្យអ្នកជំងឺដេកលើកជើង អោយខ្ពស់ជាងក្បាល ហើយសង្កត់ថ្នមៗទៅលើកន្លែងដែលប៉ោងនោះ។ បើរុញវាមិនចូលវិញទេត្រូវឈប់ភ្លាម ហើយស្វែងរកជំនួយពីគ្រូពេទ្យជំនាញជាបន្ទាន់។
• ក្នុងករណីក្លនមានការឈឺចាប់យ៉ាងខ្លាំង ឬបណ្តាលឲ្យមានក្អួត ហើយអ្នកជំងឺទល់លាមកគ្មានបត់ជើងធំទេ នោះអាចជាសញ្ញាគ្រោះថ្នាក់។ ត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដែលអាចត្រូវធ្វើការវះកាត់ជាចាំបាច់។

ដូច្នេះ: បើបងប្អូន មានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមបងប្អូនអញ្ជើញមកពិគ្រោះប្រឹក្សាជាបន្ទាន់ជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការពន្យល់លំអិតអំពីស្ថានភាពនៃជំងឺ និងវិធីសាស្ត្រនៃការព្យាបាល ទាន់ពេលវេលា ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ និងផលវិបាកធ្ងន់ធ្ងរ៕

 

Credit: Cambodia Medical Laboratory Page

អត្ថបទពេញនិយម